ឯកឧត្តម អ៊ុំ រាត្រី បើកវេទិការសាធារណៈ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ

(ខេត្តបន្ទាយមានជ័យ)៖ ឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងសិរីសោភ័ណ បានអញ្ជើញជាអធិបតីក្នុងវេទិការសាធារណៈ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ។

វេទិការខាងលេីក៏មានការចូលរួមពីសំណាក់អនុប្រធានក្រុមការងារចុះមូលដ្ឋានក្រុង ប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់ និងភូមិ បងប្អូនប្រជាពលរដ្ឋប្រមាណជិត១៥០នាក់ បានចូលរួម ប្រារព្ធធ្វេីឡេីងនៅសាលាសង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ នៅរសៀលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៦។

លោក សឿន ចាន់ស ចៅសង្កាត់ទឹកថ្លា និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងារសង្កាត់ បានឱ្យដឹងថា ក្រុមការងារចុះមូលដ្ឋានសង្កាត់ រួមជាមួយលោកមេភូមិ និងអង្គភាពភូមិទាំងអស់ បានចុះសួរសុខទុក្ខប្រជាពលរដ្ឋក្រីក្រ ខ្វះខាតស្បៀង ចាស់ ជរាគ្មានទីពឹង ស្ត្រីមេម៉ាយ ក្មេងកំព្រា និងបានផ្តល់ស្បៀងជូនពលរដ្ឋមានជីវភាពខ្វះខាតជាប្រចាំ។

មានប្រសាសន៍នៅក្នុងវេទិការឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាននៅក្រុងសិរីសោភ័ណ ក៏បានបញ្ជាក់ថា វេទិការនេះប្រារព្ធធ្វើឡើង ដើម្បីពិនិត្យកិច្ចការអភិវឌ្ឍន៍នៅមូលដ្ឋាន អនុវត្តតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់ប្រមុខរាជដ្ឋាភិបាល និតីកាលទី៧ ក្រោមការដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏ដូចជា លើកឡើងនៅបញ្ហាប្រឈម និងសំណូមពរនៅក្នុងមូលដ្ឋាន ដើម្បីធ្វើការដោះស្រាយចំពោះមុខ ហើយចំពោះបញ្ហាដែលនៅសេសសល់ មិនអាចដោះស្រាយនៅចំពោះមុខបាន និងលើកយកទៅធ្វើការដោះស្រាយបន្ត។

សូមជម្រាបជូនថា ក្នុងវេទិការក៏បានបើកឱកាសឱ្យបងប្អូនប្រជាពលរដ្ឋ ក្នុងការលើកឡើងជាមតិយោបល់ លើកឡើងអំពីបញ្ហាប្រឈម និងសំណូមពរនានានៅក្នុងមូលដ្ឋាន។ ក្នុងបញ្ហាប្រឈម និងសំណូមពរ ដែលបងប្អូនពលរដ្ឋបានលើកឡើងមានចំនួន ១៥ករណី ដោះស្រាយចំពោះមុខបាន ១៣ករណី នៅសល់២ករណីនិងត្រូវពិភាក្សាដោះស្រាយបន្ត៕

ប្រភព៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ