(ខេត្តបន្ទាយមានជ័យ)៖ កម្លាំងគណៈបញ្ជាការឯកភាពខេត្តបន្ទាយមានជ័យ ក្រោមការបញ្ជាផ្ទាល់ពីឯកឧត្តម អ៊ុំ រាត្រី ប្រធានគណៈបញ្ជាការឯកភាពខេត្តបន្ទាយមានជ័យ និងសម្របសម្រួលរបស់លោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ បានបន្តប្រតិបត្តិការចុះត្រួតពិនិត្យរដ្ឋបាលនៅតាមទីតាំងមួយចំនួនក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ដែលសង្ស័យពាក់ព័ន្ធទៅនឹងបទល្មើស Scams online ដោយឃាត់ខ្លួនជនបរទេស និងដកហូតវត្ថុតាង និងសម្ភារមួយចំនួនទៀតផងដែរ។
យោងតាមរបាយការណ៍របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ ដែលបណ្តាញព័ត៌មានផ្សព្វផ្សាយនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបន្ទាយមានជ័យ ដឹកនាំដោយលោក ប្រាក់ ប៉ូលី អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមពីកម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្ត, កម្លាំងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង អធិការដ្ឋាននគរបាលក្រុង បញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង ដោយមានការសម្របសម្រួលនីតិវិធីពីលោក សំរឹទ្ធ សុខុន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត បានចុះត្រួតពិនិត្យ និងឆែកឆេរជាក់ស្ដែង អគារកម្ពស់៤ជាន់ ៣៦បន្ទប់ មានជនបរទេស ១៨នាក់ប្រុស ២សញ្ជាតិ ឥណ្ឌូនេស៊ី ១២នាក់ និងម៉ាឡេស៊ី៦នាក់។
ក្រុមការងារបានបញ្ជូនជនបរទេសទាំង១៨នាក់ ទៅអធិការនគរបាលក្រុងប៉ោយប៉ែតដើម្បីស្រាវជ្រាវបន្ត។
ទន្ទឹមនឹងនេះលោក លៀម សុដា អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុំ រាត្រី ក៏បានដឹកនាំក្រុមការងារចម្រុះខេត្ត សហការជាមួយកម្លាំងជំនាញរបស់អគ្គស្នងការនគរបាលខេត្តដឹកនាំដោយ ឧត្តមសេនីយឯក អ៊ី សុខឃី អគ្គស្នងការរងនគរបាលជាតិ, ឧត្តមសេនីយឯក សម វណ្ណវីរៈ អគ្គស្នងការរងនគរបាលជាតិ និងឧត្តមសេនីយ៍ឯក មួង សុធា អគ្គស្នងការរងនគរបាលជាតិ ដោយមានការសម្របសម្រួលនីតិវិធីពីលោក មុត សម្បត្តិ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្ត ចុះបង្ក្រាប ១ទីតាំង និងធ្វើរដ្ឋបាលចំនួន ៤ទីតាំងដូចខាងក្រោម៖ ទីតាំងស្ថិតនៅភូមិក្បាលស្ពាន សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ពុំមានជនបរទេសស្នាក់នៅ (រត់គេច ពីការបង្ក្រាប) ត្រួតពិនិត្យឃើញមាន តុ កៅអី មួយចំនួនបានដឹកទៅទុកនៅអគារសាងសង់នៅខាងក្រោយ និងមានទូរកុងតឺន័រចំនួន៤ សង្ស័យថាបំរើសេវាផ្លូវភេទ។ ក្រុមការងារបានសម្រេចបិទសៀល ១ទីតាំង។
ធ្វើរដ្ឋបាល ៤ទីតាំង រកឃើញជនបរទេសសញ្ជាតិឥណ្ឌូនេស៊ី២៧៥នាក់ ស្រី៤០នាក់ ក្នុងនោះមាន៖
ទីតាំងទី១៖ អគារកម្ពស់៦ជាន់ផ្ទាល់ដី ៤៥បន្ទប់ មានជនបរទេស១៦៣នាក់ ស្រី១០នាក់ ជាជនជាតិឥណ្ឌូនេស៊ី។
ទីតាំងទី២៖ អគារកម្ពស់៧ជាន់ផ្ទាល់ដី ២៦បន្ទប់ មានជនបរទេសចំនួន៥៣នាក់ ស្រី១៣នាក់ ជាជនជាតិឥណ្ឌូនេស៊ី។
ទីតាំងទី៣៖ ផ្ទះផ្ទាល់ដី មាន២៣បន្ទប់ មានជនបរទេសចំនួន២៣នាក់ ស្រី៨នាក់ ជាជនជាតិឥណ្ឌូនេស៊ី។
ទីតាំងទី៤៖ មានកម្ពស់៥ជាន់ផ្ទាល់ដី មាន១១បន្ទប់ មានជនបរទេសចំនួន៣៦នាក់ ស្រី៩នាក់ ជាជនជាតិឥណ្ឌូនេស៊ី៕













