(ខេត្តក្រចេះ)៖ នាថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ ថ្លែងក្នុងពិធីអញ្ជើញកាត់ខ្សែបូរ សម្ពោធឆ្លងសមិទ្ធផលនានា នៅវត្តចន្ទមូលី ស្ថិតនៅភូមិតាម៉ៅ ឃុំតាម៉ៅ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ដែលបានចំណាយថវិកាសរុប ៦០.២៧៥ ដុល្លាអាមេរិក, និងប្រាក់រៀលចំនួនប្រមាណ ៦៣ លានរៀល ឯកឧត្ដម វ៉ា ថន អភិបាល នៃគណៈខេត្តក្រចេះ បានមានប្រសាសន៍ពាំនាំនូវការផ្ដាំផ្ញើ និងសួរសុខទុក្ខដ៏ខ្ពង់ខ្ពស់បំផុតពី សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីប្រធានព្រឹទ្ធសភា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ប្រគេនពរជូនចំពោះព្រះសង្ឃគ្រប់ព្រះអង្គ និងបងប្អូនប្រជាពលរដ្ឋទាំងអស់ក្នុងឃុំតាម៉ៅ និងក្នុងស្រុកព្រែកប្រសព្វ។
ក្រៅអំពីនេះ ឯកឧត្តម វ៉ា ថន ក៏បានថ្លែងអំណរគុណចំពោះ ព្រះគ្រូចៅអធិការវត្ត ដែលបានជួយបរិច្ចាគថវិកាធនធានផ្ទាល់ខ្លួនចូលរួមចំណែកដល់ការសាងសង់សមិទ្ធផលនានាជាច្រើន ដែលបានរួមចំណែកលើកកម្ពស់ដល់ការអភិវឌ្ឍក្នុងមូលដ្ឋានឃុំ ស្រុក និងខេត្ត ។ សមិទ្ធផលដែលសម្រេចបានទាំងអស់នេះ កើតឡើងដោយសារការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលបានដាក់ចេញនូវគោលនយោបាយត្រឹមត្រូវចាក់ចំគោលដៅ និងសភាពការណ៍សម្រាប់ដឹកនាំជាតិ និងប្រជាជន ជាពិសេសការពារយ៉ាងដាច់ខាត ក្នុងការរក្សាសុខសន្តិភាពឱ្យបានពេញលេញ និងធានាបាននូវស្ថិរភាពនយោបាយទូទាំងប្រទេស ។
ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះបន្តថា៖ រាជរដ្ឋាភិបាល បានចាត់ទុកពុទ្ធចក្រ និងអាណាចក្រ ត្រូវដើរទន្ទឹមគ្នា ពឹងគ្នាទៅវិញទៅមក និងជួយទំនុកបម្រុងគ្នាទៅវិញទៅមក ។ ពុទ្ធចក្រជួយផ្នែកស្មារតី ផ្នែកខាងទស្សនវិជ្ជា ដោយសារមានពុទ្ធចក្រទើបអាណាចក្រអាចរុងរឿងបាន ។ ជាមួយគ្នានេះ ពុទ្ធចក្រ ក៏ពឹងផ្អែកនិងផ្ញើលើរដ្ឋអំណាចផងដែរ ក្នុងនោះដោយសារមានសុខសន្តិភាពស្ថិរភាពនយោបាយ និងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនេះហើយ ទើបជំនឿសាសនាមាននិរន្តរភាព និងភាពរុងរឿង។
ក្នុងឱកាសនោះ ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ បានអំពាវនាវដល់ព្រះសង្ឃគ្រប់ព្រះអង្គ សប្បុរសជន បងប្អូនប្រជាពលរដ្ឋ និងពុទ្ធបរិស័ទទាំងអស់ សូមបន្តជួយគាំទ្រដល់ការសាងសង់នូវសមិទ្ធផលនានាបន្ថែមទៀត ជាពិសេសការចូលរួមថែរក្សានូវសមិទ្ធផលនៅក្នុងទីអារាមនេះឱ្យបានស្ថិតស្ថេរ និងគង់វង្ស សម្រាប់ជាទីបដិបត្តិ និងរក្សាទុកជាកេរ្ត៍ដំណែលដល់កូនចៅជំនាន់ក្រោយៗ៕
ប្រភព៖ រដ្ឋបាលខេត្តក្រចេះ



















