(ខេត្តបន្ទាយមានជ័យ)៖ ឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំពិនិត្យ និងអនុម័តលើសេចក្តីព្រាងផែនការប្រើប្រាស់ដី ឃុំព្រះនេត្រព្រះ និងឃុំជប់វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។
កិច្ចប្រជុំ នេះក៏មានការអញ្ជើញចូលរួម អភិបាលរងខេត្ត មន្ទីរអង្គភាព ស្ថាប័នពាក់ព័ន្ធ អភិបាលស្រុក មេឃុំទាំង ៩ទូទាំងស្រុក ប្រារព្ធធ្វើឡើង នៅសាលប្រជុំ ក សាលខេត្តបន្ទាយមានជ័យ នារសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦។
ក្នុងឱកាសនោះឯកឧត្តម អ៊ុំ រាត្រី ក៏បានណែនាំទៅដល់អាជ្ញាធរស្រុក ក៏ដូចជាឃុំទាំង២ ត្រូវរៀបចំសោភ័ណ្ឌភាពឃុំឱ្យមានភាពទាក់ទាញ និងមានភាពបៃតង ជាពិសេសការរៀបចំទុកដាក់សំរាម គឺជារឿងសំខាន់យើងត្រូវយកចិត្តទុក ដោយត្រូវមានការរៀបចំទីតាំងទុកដាក់សំរាមឱ្យបានល្អត្រឹមត្រូវ។ រៀបចំទីតាំងរម្មណីដ្ឋានដែលមានស្រាប់ ដើម្បីទាកទាញភ្ញៀវទេសចរណ៍ ចូលមកទស្សនា បង្កើនប្រាក់ចំណូលរបស់ប្រជាជននៅក្នុងសហគមន៍។
គូរបញ្ជាក់ថា ផែនការប្រើប្រាស់ដី ឃុំទាំងពីរ មានគោលដៅ ៖ ១-ធ្វើឱ្យសម្រេចបានតាមសេចក្តីត្រូវការរបស់រាជរដ្ឋាភិបាល ស្តីពីគោលនយោបាយដីធ្លី, ២-ធានាបាននូវការគ្រប់គ្រង ប្រើប្រាស់ដី និងធនធានធម្មជាតិប្រកបដោយប្រសិទ្ធភាព និងចីរភាព ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ច ប្រកបដោយសមធម៌, ៣-ធានានូវការលើកកម្ពស់ការអនុវត្តគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការរដ្ឋបាល និងរចនាសម្ព័ន្ធអភិបាលកិច្ច, ៤-ចក្ខុវិស័យនាពេលអនាគត សម្រាប់ឃុំទាំងពីរនេះ ក៏ប្រែក្លាយជាទិសដៅទេសចរណ៍វប្បធម៌ ធម្មជាតិ ដែលផ្សាភ្ជាប់នឹងប្រព័ន្ធកសិកម្មចម្រុះ និងសិប្បកម្ម លក្ខណៈគ្រួសារជាដើម៕
ប្រភព៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ











