(ខេត្តបន្ទាយមានជ័យ)៖ នៅរដ្ឋបាលខេត្តបន្ទាយមានជ័យ បានបើកកិច្ចប្រជុំ ការងារយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ ជួន សុវណ្ណ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអនុប្រធានលេខាធិការដ្ឋាន នៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធជុំវិញខេត្ត ប្រារព្ធធ្វើនៅសាលប្រជុំ ក សាលាខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦។
ក្នុងយុទ្ធនាការដែលកំពុងអនុវត្តការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scams) ឯកឧត្ដម អ៊ុំ រាត្រី អភិបាលខេត្ត ក៏បានរាយការសង្ខេបជូនអង្គពិធី ដោយបញ្ជាក់ថា រដ្ឋបាលខេត្ត កំពុងបន្ដជំរុញផ្សព្វផ្សាយច្បាប់ ស្ដីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងអនុក្រឹត្យលេខ០៣អនក្រ.បក ចុះរបស់រាជរដ្ឋាភិបាល ស្ដីពីការគ្រប់គ្រងសន្ដិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្ដុំ។ និងពង្រឹងការធ្វើរដ្ឋបាលពីការគ្រប់គ្រងជនបរទេសនៅតាមទីតាំងកាស៊ីណូ អគាររស់នៅប្រមូលផ្ដុំ សណ្ឋាគារ ផ្ទះសំណាក់ ផ្ទះជួល ភោជនីយដ្ឋាន អង្គការ-សមាគម និងទីតាំងប្រកបអាជីវកម្មនានា។ ស្រាវជ្រាវស្វែងតាមទីតាំង ដែលសង្ស័យប្រព្រឹត្តសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)។ និងសហការជាមួយគ្រប់ស្ថាប័ន អង្គភាព និងដៃគូពាក់ព័ន្ធ ក្នុងការបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ឱ្យមានប្រសិទ្ធភាពនៅភូមិសាស្ដ្រខេត្តបន្ទាយមានជ័យ។
ឯកឧត្ដម នាយឧត្តមសេនីយ៍ ជួន សុវណ្ណ លេីកឡេីថា សកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាទាំងក្នុង និងក្រៅប្រទេស គឺប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សង្គម ហើយក៏មានការគំរាមកំហែង ដល់សន្តិសុខជាតិផងដែរ ដូចនេះហេីយទេីបប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានដាក់ចេញវិធានការជាបន្តបន្ទាប់ ក្នុងការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scams) ឱ្យអស់នៅកម្ពុជា។
ឯកឧត្ដម នាយឧត្តមសេនីយ៍ ក៏បានជំរុញមាននាំទៅដល់អាជ្ញាធរខេត្តបន្ទាយមានជ័យ ធ្វេីយ៉ាងណាគ្រប់គ្រងជនបរទេសដែលស្នាក់នៅក្នុងខេត្តបន្ទាយមានជ័យ ត្រូវមានការបែងចែកឱ្យដាច់រវាងឧក្រិដ្ឋជនឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) និងជនបរទេសដែលធ្វើការនៅក្នុងប្រទេសកម្ពុជា ដោយត្រូវធ្វើវិធានការរដ្ឋបាលត្រួតពិនិត្យឯកសារពាក់ព័ន្ធសម្រាប់ជនបរទេសដែលកំពុងស្នាក់នៅ និងធ្វើការងារនៅក្នុងខេត្តបន្ទាយមានជ័យ។
ជាចុងក្រោយ ឯកឧត្ដម ក៏បានផ្តល់អនុសាសន៍ដល់គ្រប់សមត្ថកិច្ចពាក់ព័ន្ធនៅខេត្តបន្ទាយមានជ័យ ត្រូវធ្វេីការការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scams) ត្រូវតែឯកភាពគ្នាជាធ្លុងមួយ បង្ក្រាបបទល្មេីសនេះឱ្យអស់នៅខេត្តបន្ទាយមានជ័យ ដែលជាហានិភ័យប៉ះពាល់ទំនាក់ទំនងកិច្ចសហប្រតិបត្តិការអន្តរជាតិ ប៉ះពាល់ដល់សន្តិសុខជាតិ៕
ប្រភព៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ










