(ភ្នំពេញ)៖ ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦នេះ បានរៀបចំវេទិកាវេទិកាសារព័ត៌មានលើប្រធានបទ «AI ក្រមសីលធម៌ និងវិជ្ជាជីវៈ៖ តើយើងគួរដើរទៅមុខដោយរបៀបណា?» ដើម្បីផ្តល់ឱកាសដល់វាគ្មិន (ផ្នែកAI ធុរកិច្ច និងព័ត៌មាន) បានជជែកពិភាក្សា និងលើកទ្បើងអំពីស្ថានភាពទូទៅនៃវិស័យសារព័ត៌មាន តួនាទីរបស់អ្នកសារព័ត៌មាន និងធុរកិច្ចជន និងការប្រើប្រាស់AI ដែលជាប្រយោជន៍ដល់សង្គម ដែលមានអ្នកសារព័ត៌មានជាង១០០នាក់ មកពី៦៧ស្ថាប័នចូលរួមក្នុងនោះក៌មានអង្គភាពសារព័ត៌មានគេហទំព័រ”ជីវិតកូនខ្មែរ”www.chivitkonkhmer.com.kh ផងដែរ។
លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា បានលើកឡើងថា ត្បិតតែសម័យនេះជាសម័យបច្ចេកវិទ្យាAI ក៏ប៉ុន្តែប្រសិនបើយើងប្រើប្រាស់ ឬបកស្រាយខុស នឹងអាចនាំឲ្យមានការយល់ច្រឡំ ប៉ះពាល់កិត្តិយស និងបង្កគ្រោះថ្នាក់់ដល់សង្គម និងជាពិសេសក្នុងវិស័យសារព័ត៌មាន ត្រូវតែត្រឹមត្រូវ មានទំនួលខុសត្រូវ ដើម្បីប្រាកដថាការផ្សព្វផ្សាយនោះមិនបង្កផលប៉ះពាល់ ឬផលអវិជ្ជមាន។
ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត សេង សុភាព ប្រធានវិទ្យាស្ថានបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) បានឲ្យដឹងថា ទិន្នន័យថ្មីៗបង្ហាញថា ស្ទើតែគ្រប់ស្ថាប័នព័ត៌មានធំៗទាំងអស់ បច្ចុប្បន្ននេះផ្តល់អាទិភាពដល់AI សម្រាប់ការងារស្វ័យប្រវត្តិកម្ម ដោយក្នុងនោះ៨៧% នៃថ្នាក់ដឹកនាំប្រព័ន្ធផ្សព្វផ្សាយជឿថា AI កំពុងផ្លាស់ប្តូរការិយាល័យនិពន្ធ និង ៦២% នៃអ្នកអានចូលចិត្តអានព័ត៌មានដែលមានមនុស្សសរសេរនិងត្រួតពិនិត្យ។
ឯកឧត្តមបណ្ឌិត បានបន្តថា បច្ចេកវិទ្យាAI ជាភាសាខ្មែរនៅមានកម្រិត ដូចជាការបំប្លែង និងដំណើរការភាសាធម្មជាតិ សម្រាប់ភាសាខ្មែរនៅកំពុងអភិវឌ្ឍនៅឡើយ ដែលនៅតែជាឧបសគ្គសម្រាប់ការប្រើប្រាស់កម្មវិធីAI នៅក្នុងស្រុក។ ស្របពេលដែលការប្រើប្រាស់AI ក្នុងប្រព័ន្ធផ្សព្វផ្សាយកើនឡើងយ៉ាងឆាប់រហ័ស អ្នកសារព័ត៌មានប្រឈមមុខនឹងការលំបាកក្នុងការបែងចែករវាង មាតិការDeepfakes ពីមាតិកាពិតប្រាកដ។
ឯកឧត្តមបណ្ឌិត បានបញ្ជាក់បន្ថែមទៀតថា អ្នកសារព័ត៌មានមានបេសកម្មដ៏ពិសិដ្ឋក្នុងការស្វែងរកការពិត និងផ្សព្វផ្សាយព័ត៌មានដល់ប្រជាជន ដើម្បីផលប្រយោជន៍រួមក្នុងសង្គម។ ឯកឧត្តមបណ្ឌិត ក៏បានសង្កត់ធ្ងន់ផងដែរថា AI ជាជំនួយការដ៏ឆ្លាតវៃ តែមិនអាចជំនួសអ្នកសារព័ត៌មានបានទេ។ ខណៈAI លែងជាឧបករណ៍ធម្មតាទៀតហើយ ប៉ុន្តែវាជាដៃគូសហការដ៏សំខាន់នៅក្នុងការិយាល័យនិពន្ធទំនើបផងដែរ៕















