(ខេត្តកំពង់ស្ពឺ)៖ កំលាំងអធិការនគរបាលស្រុកបសេដ្ឋ ដោយបានការបញ្ជាដឹកនាំពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ និងការចង្អុលណែនាំពីជំនាញព្រហ្មទណ្ឌ សមត្ថកិច្ចនគរបាលបានបេីកកិច្ចស្រាវជ្រាវពាក់ព័ន្ធលួចដោយមានស្ថានទម្ងន់ទោស (កាប់ប្លន់យកម៉ូតូ) កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ នាវេលាម៉ោង២៣និង១៥នាទី នៅចំណុចលើផ្លូវលេខ១៤៥ ស្ថិតក្នុងភូមិព្រៃងោង ឃុំភារីមានជ័យ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។
លោកវរសេនីយ៍ឯក ចន សុភីត អធិការនគរបាលស្រុកបសេដ្ឋ បានបញ្ជាក់ថាករណីកាប់ប្លន់យកម៉ូតូបង្កដោយជនសង្ស័យមួយក្រុមមិនស្គាល់អត្តសញ្ញាណ យប់ថៃ្ងកេីតហេតុជនសង្ស័យបានជិះម៉ូតូ១គ្រឿងម៉ាកហុងដា C125 ពណ៌ខ្មៅ មិនចាំផ្លាកលេខដោយប្រើអាវុធ (ដាវ) បានធ្វេីសកម្មភាពជិះតាមជនរងគ្រោះរួចធាក់ផ្ដួលម៉ូតូជនរងគ្រោះម៉ាកហុងដា C125 ពណ៌ខ្មៅ ស៊េរី២០២៥ផ្លាកលេខកំពង់ស្ពឺ1Z-6720 លេខតួ-ម៉ាសុីន 0238575
ឈ្មោះ ប្រាក់ វិបុល ភេទប្រុស អាយុ២០ឆ្នាំ នៅភូមិត្រពាំងស្រស់ ឃុំស្តុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ រួចទាញដាវដេញកាប់។
ដោយអនុវត្ដលេីវិធានការជំនាញសមត្ថកិច្ចនគរបាលការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ សហការស្រាវជ្រាវរហូតឈានដល់ធ្វេីការឃាត់មុខសញ្ញាពាក់ព័ន្ធបានចំនួន ៥នាក់ ដោយបានដកហូតមធ្យោបាយម៉ូតូ ៥គ្រឿង និងបានបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ ដេីម្បីពិនិត្យនិងអនុវត្ដតាមនីតិវិធីបន្ដ៕





