គណៈប្រតិភូនៃរដ្ឋមន្ត្រីព័ត៌មានអាស៊ានត្រូវបានព្រះចៅស៊ុលតង់នៃប្រទេស ព្រុយណេ រាជានុញ្ញាតចូលថ្វាយបង្គុំគាល់និងសវនាការនៅព្រះបរមរាជវាំង

(ព្រុយណេ)៖ នៅក្នុងក្របខណ្ឌនៃកិច្ចប្រជុំរដ្ឋមន្ត្រីទទួលបន្ទុកព័ត៌មានអាស៊ានលើកទី១៧ (AMRI 17) នៅប្រទេសព្រុយណេ ដារ៉ូសាឡាម ព្រះចៅស៊ុលតង់ ហាជី ហាសសាណាល់ បុលគីយ៉ាស់ មុយអីហ្សាឌីន វ៉ាឌូឡាហ៍ ទ្រង់រាជានុញ្ញាតផ្តល់កិត្តិយសជូនគណៈប្រតិភូនៃរដ្ឋមន្ត្រីព័ត៌មានអាស៊ានបានចូលគាល់ និងជួបសវនាការនៅព្រះបរមរាជវាំងនារសៀលថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥។

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា ក្នុងចំណោមគណៈប្រតិភូដែលបានចូលគាល់ បានទូលថ្វាយ និងសម្តែងនូវអំណរព្រះរាជគុណថ្វាយដល់ព្រះចៅស៊ុលតង់ចំពោះការទទួលបដិសណ្ឋារកិច្ចដ៏កក់ក្តៅដល់គណៈប្រតិភូនៃរដ្ឋមន្ត្រីព័ត៌មានអាស៊ានទាំងអស់ និងប្រទេសដៃគូ និងដែលប្រទេសព្រុយណាក្នុងនាមជាម្ចាស់ផ្ទះបានរៀបចំកិច្ចប្រជុំAMRI លើកទី១៧ ប្រកបដោយរលូន និងជោគជ័យយ៉ាងត្រជះត្រចង់ដោយបានប្រមូលផ្តុំថ្នាក់ដឹកនាំនិងមន្ត្រីជំនាញក្នុងតំបន់ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ។

ឯកឧត្តមរដ្ឋមន្ត្រី ក៏បានថ្លែងអំណរព្រះគុណចំពោះការដឹកនាំរបស់ប្រទេសព្រុយណេ ក្នុងនាមជាប្រធានប្តូរវេទនៃកិច្ចប្រជុំ ដែលបានជំរុញឱ្យមានគំនិតផ្តួចផ្តើមនានា និងកិច្ចសន្ទនាប្រកបដោយអត្ថន័យដើម្បីចែករំលែកក្នុងចំណោមរដ្ឋសមាជិកអាស៊ាន និងប្រទេសជាដៃគូដែលបានចូលរួម។

ជាមួយគ្នា ឯកសារជាច្រើនទាក់ទងនឹងវិស័យព័ត៌មាននិងប្រព័ន្ធផ្សព្វផ្សាយត្រូវបានអនុម័ត ដែលជាការបោះជំហានថ្មីមួយទៀតនៃសមាជិកអាស៊ានលើកិច្ចការព័ត៌មាន។ ព័ត៌មានដែលប្រទេសសមាជិកបានគូសបញ្ជាក់បានដើរតួនាទីដ៏សំខាន់ក្នុងការបញ្ជ្រាបចំណេះដឹងនានា និងចូលធានាបាននូវកិច្ចសហប្រតិបត្តិ និងមជ្ឈភាពអាស៊ាន។