(ខេត្តពោធិ៍សាត់)៖ ឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ នាថ្ងៃសុក្រ ទី២ ខែមករា ឆ្នាំ២០២៦ បានអញ្ជើញទទួលអំណោយជាថវិកា គ្រឿងឧបភោគបរិភោគ និងសម្ភារមួយចំនួនពីលោក រ័ត្ន សោភ័ណ ប្រធានសមាគមធនាគារនៅកម្ពុជា ដើម្បីបន្តចែកជូនដល់ពលរដ្ឋភៀសសឹក នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ និងជូនដល់វីរកងទ័ពជួរមុខ ដែលបាននឹងកំពុងខិតខំតស៊ូការពារបូរណភាពទឹកដី ប្រកបដោយភាពក្លាហាន មុះមុត ដោយស្មារតីស្នេហាជាតិមាតុភូមិ។
ក្នុងនាមរដ្ឋបាលខេត្តពោធិ៍សាត់ ឯកឧត្តម ខូយ រីដា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសប្បុរសជន ដែលបានចំណាយនូវទ្រព្យសម្បិត្តផ្ទាល់ខ្លួន ដើម្បីជូនដល់ពលរដ្ឋភៀសសឹក និងជាការលើកទឹកចិត្ត ដល់វីរកងទ័ពរបស់យើងមានស្មារតីក្លាហាន មុះមុត ខិតខំតស៊ូការពារបូរណភាពទឹកដី ដែលនេះសបញ្ជាក់ឱ្យឃើញថា បងប្អូនខ្មែរគ្រប់ស្រទាប់វណ្ណៈ បានសាមគ្គីគ្នាជាធ្លុងមួយ ក្លាយជាខឿនការពារជាតិ និងប្រជាជន គឺសមរភូមិក្រោយជួយដល់សមរភូមិមុខ និងបងប្អូនប្រជាពលរដ្ឋ ដែលត្រូវបានជម្លៀសខ្លួន មកកាន់មណ្ឌលសុវត្ថិភាពនានា។ ឯកឧត្តមអភិបាលខេត្ត ក៏បានសន្យាថាអំណោយ និងសម្ភារទាំងអស់នេះ រដ្ឋបាលខេត្តពោធិ៍សាត់ និងត្រូវបែងចែកដឹកជញ្ជូនទៅជូនវីរកងទ័ពជួរមុខ និងបងប្អូនប្រជាពលរដ្ឋ ដែលជាជនភៀសសឹក តាមដែលអាចធ្វើបាន។
អំណោយរបស់សមាគមធនាគារនៅកម្ពុជា The Association of Banks in Cambodia ដែលបានជួយឧបត្ថម្ភ ជូនរដ្ឋបាលខេត្តពោធិ៍សាត់ ដើម្បីបន្តចែកជូនដល់ពលរដ្ឋភៀសសឹក និងជូនដល់វីរកងទ័ពជួរមុខរួមមាន៖ ថវិកា ៨លានរៀល, ទឹកបរិសុទ្ធ១០០កេស, អង្ករ ២តោន, មី ១០០កេស, ត្រីខ ១៥០យូរ, ទឹកស៊ីអុីវ ១៥០យួរ, ទឹកត្រី ១៥០យូរ, សាច់ផាត់ ៣០គីឡូក្រាម, ខោអាវ ៣គីប និងឈុត (ថ្នាំដុសធ្មេញ, ច្រាស, សាប៊ូកក់សក់, សាប៊ូដុសខ្លួនម្សៅ និងសាប៊ូ) មួយចំនួន៕






