(ភ្នំពេញ)៖ អំណោយជាថវិកា អង្ករ គ្រឿងឧបភោគ បរិភោគ និងសម្ភារមួយចំនួន ត្រូវបានរដ្ឋបាលខណ្ឌមានជ័យ រដ្ឋបាលខណ្ឌដង្កោ រដ្ឋបាលខណ្ឌព្រែកព្នៅ រដ្ឋបាលខណ្ឌទួលគោក រដ្ឋបាលខណ្ឌឬស្សីកែវ ក្រុមហ៊ុនស្នេថេក និងសប្បុរសជនជាច្រើនរូបទៀតបន្តនាំមកប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីយកទៅចែកជូនដល់វីរៈកងទ័ពជួរមុខ និងជនភៀសសឹក ខណៈក្រុមទាហានថៃនៅតែបន្តឈ្លានពានលើបូរណភាពទឹកដីកម្ពុជាយ៉ាងគឃ្លើននោះ។
ពិធីប្រគល់និងទទួលអំណោយមនុស្សធម៌ខាងលើបានធ្វើឡើងនាព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥នេះ ក្រោមវត្តមាន ឯកឧត្ដម ហួត ហៃ ឯកឧត្ដម ឆាយ វីរៈ និងឯកឧត្ដម ឯក ឃុនដឿន ឯកឧត្ដម ហ៊ុន សុរិទ្ធី និងឯកឧត្ដម ពេញ ធារម្យ អភិបាលរង តំណាងឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ នៅក្នុងបរិវេណសាលារាជធានីភ្នំពេញ។
អំណោយដែលទទួលថ្ងៃនេះរួមមាន៖ រដ្ឋបាលខណ្ឌមានជ័យថវិកា៥លានរៀល អង្ករ និងគ្រឿងឧបភោគបរិភោគ រដ្ឋបាលខណ្ឌដង្កោថវិកា២លានរៀលអង្ករ និងគ្រឿងឧបភោគបរិភោគ រដ្ឋបាលខណ្ឌព្រែកព្នៅមានបន្លែ ជាមួយនិងកាលពីថ្ងៃម្សិលមិញ មានថវិកា៣០លានរៀល អង្ករ និងគ្រឿងឧបភោគ បរិភោគ។ក្រៅពីនេះក៏មានសប្បុរសជនជាច្រើនរូបទៀតបន្តនាំយកអំណោយមកបរិចាកផងដែរ។
ក្នុងនាមឯកឧត្ដម ឃួង ស្រេង ឯកឧត្ដម ហួត ហៃ ឯកឧត្ដម ឆាយ វីរៈ ឯកឧត្ដម ឯក ឃុនដឿន ឯកឧត្ដម ហ៊ុន សុរិទ្ធី និងឯកឧត្ដម ពេញ ធារម្យ បានថ្លែងនូវការអរគុណយ៉ាងជ្រាលជ្រៅចំពោះ រដ្ឋបាលខណ្ឌ និងសប្បុរសជនទាំងអស់ដែលបាននាំយកអំណោយទាំងនេះជូនមករដ្ឋបាលរាជធានីភ្នំពេញ ដើម្បីយកទៅ ចែកជូនដល់វីរកងទ័ពជួរមុខ ដែលបាននឹងកំពុងខិតខំតស៊ូការពារបន្ទាត់ព្រំដែនកម្ពុជា-ថៃ ប្រកបដោយ ភាពអង់អាចក្លាហាន មោះមុត ប្រឆាំងនឹងសត្រូវឈ្លានពាន ក្នុងស្មារតីស្នេហាជាតិមាតុភូមិ ព្រមទាំងបងប្អូន ប្រជាពលរដ្ឋជាជនភៀសសឹក។ ទឹកចិត្តដ៏សប្បុរសនេះ ពិតជាបានរួមចំណែកលើកទឹកចិត្តដល់កងកម្លាំងប្រដាប់អាវុធជួរមុខទាំងអស់ ដែលបានខិតខំការពារខ្សែបន្ទាត់ព្រំដែន និងការពារបូរណភាពទឹកដីឱ្យបានរឹងមាំ ដែលបានឆ្លុះ បញ្ចាំងពីខឿនការពារជាតិ ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
សំរាប់អាជ្ញាធររាជធានីភ្នំពេញ នៅតែបន្តទទួលអំណោយពីសប្បុរសជនតទៅទៀត នៅសាលារាជធានីភ្នំពេញ៕









