ឯកឧត្តម អ៊ុន ចាន់ដា ចុះសួរសុខទុក្ខ និងនាំយកអំណោយផ្តល់ជូនវីរកងទ័ពជួរមុខ សម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យបង្អែក!

(ខេត្តកំពង់ចាម)៖ នៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ ២០២៥ នេះឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំក្រុមការងារខេត្ត អាជ្ញាធរមូលដ្ឋាន អញ្ជើញចុះសួរសុខទុក្ខ និងនាំអំណោយផ្ដល់ជូនវីរកងទ័ព ៦រូប ដែលកំពុងសម្រាកព្យាបាលជំងឺ នៅមន្ទីរពេទ្យបង្អែកស្រុកជើងព្រៃ។

នាឱកាសនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពី សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា លោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុន្នី ហ៊ុនម៉ាណែត ដែលជានិច្ចកាល ប្រមុខថ្នាក់ដឹកនាំ តែងគិតគូរ ខ្វល់ខ្វាយអំពីសុខទុក្ខរបស់វីរកងទ័ពយើង និងបងប្អូនប្រជាពលរដ្ឋណាម្នាក់នៅឯកានោះឡើយ។

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ថ្លែងការកោតសរសើរដល់វីរភាពដ៏អង់អាចក្លាហានរបស់វីរកងទ័ពរបស់កម្ពុជា និងស្នើឱ្យបងៗ ខិតខំថែទាំសុខភាព ស្តាប់តាមការណែនាំរបស់វេជ្ជបញ្ជា ដើម្បីឆាប់បានជាសះស្បើយ នឹងអាលបានទៅបម្រើជាតិមាតុភូមិឡើងវិញ។

ទន្ទឹមនោះ ឯកឧត្តមអភិបាលខេត្តកំពង់ចាម ក៏បានផ្ដាំផ្ញើដល់ក្រុមគ្រូពេទ្យសូមយកចិត្តទុកដាក់ថែទាំ និងព្យាបាលដល់វីរកងទ័ពរបស់យើងឱ្យបានល្អប្រសើរ ដោយការចំណាយជាបន្ទុករបស់រដ្ឋបាលខេត្ត។

សូមបញ្ជាក់ថា វីរកងទ័ព ទាំង ៦រូប ខាងលើ បម្រើការនៅអង្គភាពយុទ្ធភូមិភាគទី២ ប្រចាំការនៅទិសប្រាសាទខ្នារ និងប្រាសាទតាក្របី ខេត្តឧត្តរមានជ័យ ក្នុងបេសកកម្មការពារអធិបតេយ្យភាព បូរណភាពទឹកដីពីចោរឈ្លានពាន-ថៃ។