(ខេត្តក្រចេះ)៖ ព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ អញ្ជេីញទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកជំទាវ Teo Lay Cheng ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋសិង្ហបុរី ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅសាលប្រជុំសាលាខេត្ត។ ដោយមានការចូលរួមពី លោកនាយក នាយករង រដ្ឋបាលសាលាខេត្ត លោកអនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត លោកស្រីអនុប្រធានមន្ទីរទេសចរណ៍ខេត្ត និងមន្រ្តីជំនាញពាក់ព័ន្ធ។
ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ បានជម្រាបជូនលោកជំទាវឯកអគ្គរដ្ឋទូត អំពីស្ថានភាពភូមិសាស្ត្រ និងការអភិវឌ្ឍលើគ្រប់វិស័យរបស់ខេត្តក្រចេះ ដែលជាខេត្តមួយមានសក្តានុពលខ្លាំងលើវិស័យកសិកម្ម កសិ-ឧស្សាហកម្ម និងវិស័យទេសចរណ៍ ជាពិសេសតំបន់ទាក់ទាញសត្វផ្សោតទន្លេមេគង្គ ដែលជាសម្បត្តិធម្មជាតិដ៏មានតម្លៃ ព្រមទាំងការកៀគរដល់ប្រជាជនសិង្ហបុរីចូលមកទស្សនា និងលំហែកម្សាន្តនៅក្នុងព្រះរាជាណាចក្រកម្ពុជា ជាពិសេសនៅក្នុងខេត្តក្រចេះផ្ទាល់។
ឯកឧត្តម វ៉ា ថន ក៏បានលើកឡើងពីកិច្ចខិតខំប្រឹងប្រែង របស់រដ្ឋបាលខេត្តក្នុងពង្រឹងសន្តិសុខសណ្តាប់ធ្នាប់ និងការបង្កលក្ខណៈងាយស្រួលដល់អ្នកវិនិយោគ ហើយព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសិង្ហបុរី មានចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការទ្វេភាគីតាំងពីយូរមក បច្ចុប្បន្នកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ស្ដែងចេញនូវលទ្ធផល និងសមិទ្ធផលគួរជាទីមោទនៈ ក្រោមការដឹកនាំរបស់រដ្ឋាភិបាលនៃប្រទេសទាំងពីរ។ ឯកឧត្តម ក៏បានជម្រាបអំពីស្ថានភាពបច្ចុប្បន្ន នៃប្រទេសកម្ពុជា និងប្រជាជនកម្ពុជា បាននិងកំពុងទទួលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ពីសំណាក់កងទ័ពយោធាថៃ ដែលបានធ្វើការវាយប្រហារប្រដាប់អាវុធយ៉ាងឃោរឃៅមកលើប្រទេសកម្ពុជា និងប្រជាជនកម្ពុជាស្លូតត្រង់នៅតាមបណ្ដាខេត្តជាប់ព្រំដែនថៃ ហើយបណ្ដាលឱ្យស្លាប់ របួសប្រជាជន និងជម្លៀសប្រជាជនចាកចេញពីលំនៅដ្ឋានជាច្រើនម៉ឺននាក់។
ឯកឧត្តម វ៉ា ថន ថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជននៃសាធារណរដ្ឋសង្ហបុរី ដែលបានជួយ គាំទ្រ និងអំពាវនាវដល់ប្រទេសថៃ អនុវត្តនូវបទឈប់បាញ់ ដើម្បីបញ្ចប់ជម្លោះសង្រ្គាមឈ្លាន របស់ថៃមកលើប្រទេសកម្ពុជា។
ជាការឆ្លើយតប លោកជំទាវ Teo Lay Cheng ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសង្ហបុរី ប្រចាំព្រះរាជាណាចក្រកម្ពុជា បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ ចំពោះការអភិវឌ្ឍយ៉ាងឆាប់រហ័សរបស់ខេត្តក្រចេះ ហើយលោកជំទាវ បានបញ្ជាក់ថា តាមរយៈទស្សនកិច្ចនាពេលនេះ លោកជំទាវនឹងជួយផ្សព្វផ្សាយពីសក្តានុពលរបស់ខេត្ត ទៅកាន់ធុរជន និងអ្នកវិនិយោគសិង្ហបុរី ឱ្យមកស្វែងយល់ពីឱកាសវិនិយោគនៅទីនេះកាន់តែច្រើនថែមទៀត ជាពិសេសលើវិស័យដែលជាតម្រូវការរួម៕







