(ខេត្តបន្ទាយមានជ័យ)៖ នៅថ្ងៃអាទិត្យ ទី២៦ ខែតុលា ឆ្នាំ២០២៥ ឯកឧត្ដម អ៊ុ រាត្រី អភិបាល នៃគណៈ អភិបាលខេត្ត រួមនឹងសមាគមសិល្បករខ្មែរ ដឹកនាំដោយលោកជំទាវ នៅ សុនីតា តំណាងលោកជំទាវ ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ ព្រមទាំង ក្រុមការងារសិល្បករជាច្រេីនរូប បាននាំ អំណោយសប្បុរសជនតាមរយៈ មូលនិធិទ្រទ្រង់ជនភៀសសឹក ផ្តួចផ្តេីមដោយ អ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវ ម៉ៅ ចំណាន ផ្តល់ជូនបងប្អូនប្រជាពលរដ្ឋ រស់នៅ ក្នុងភូមិព្រៃចាន់ ២៥៥គ្រួសារ។
លោកជំទាវ នៅ សុនីតា ក៏បានថ្លែងអំណរគុណចំពោះរដ្ឋបាលខេត្តបន្ទាយមានជ័យ ជាពិសេសឯកឧត្តម អ៊ុ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត តែងតែនៅជាមួយពលរដ្ឋជានិច្ចក្នុងគ្រាដែលមានបញ្ហាព្រំដែន នៅភូមិព្រៃចាន់ និងភូមិជោគជ័យ ឯកឧត្ដម នៅក្បែរពលរដ្ឋជានិច្ចទាំងយប់ទាំងថ្ងៃ។ លោកជំទាវ នៅ សុនីតា ក៏បានបញ្ជាក់សមាគមន៍ និងបន្តចូលរួមចំណែកជាមួយរដ្ឋាភិបាល ក្នុងកៀរគរសប្បុរសជន ក៏ដូចសិល្បៈករខ្មែរ បន្តជួយដល់កងទ័ព ពិសេសជួយដល់បងប្អូនជនភៀសសឹក ជាក់ស្តែងបងប្អូននៅភូមិព្រៃចាន់ ជាប់ព្រំដែនជាមួយប្រទេសថៃ។
នាឱកាសនោះ ឯកឧត្ដម អ៊ុ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត ក៏បានថ្លែងអំណរគុណ មូលនិធិទ្រទ្រង់ជនភៀសសឹក ផ្តួចផ្តេីមដោយ អ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវ ដែលបានគិតគូរយកចិត្តទុក្ខដាក់ចំពោះបងប្អូនពលរដ្ឋនៅតាមព្រំដែន ជាពិសេសបងប្អូនពលរដ្ឋនៅភូមិព្រៃចាន់ ក៏ដូចជាភូមិគោគជ័យ ដែលជាទីតាំងដែលយោធាថៃ រាយបន្លាលួស យកដី និងផ្ទះពលប្អូនពលរដ្ឋខ្មែរចំនួន១២គ្រួសារ។
ក្នុងនាមរដ្ឋបាលខេត្ត ឯកឧត្ដម អ៊ុ រាត្រី ក៏បានបញ្ជាក់ពីជំហូរគាំទ្រ និងជឿជាក់លេីរាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយភាគីថៃ។ ជាក់ស្តែងអ្វីដែលជាការកិច្ចខិតខំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ទទួល យ៉ាងត្រចេះត្រចង់ នោះ គឺការចុះហត្ថលេខារួមគ្នាលើឯកសារ «កិច្ចព្រមព្រៀងសន្តិភាព កម្ពុជា-ថៃ» ក្រោមអធិបតីភាព ឯកឧត្តមប្រធានាធិបតីសហរដ្ឋអាមេរិក Donald J. Trump និង ឯកឧត្ដម Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី នៅទីក្រុងគូឡាឡាំពួ នៅថ្ងៃទី២៦ ខែតុលា នេះ។ ដែលនេះគឺជាជោគជ័យយ៉ាងធំធេងរបស់កម្ពុជា ពិសេសយុទ្ធសាស្ត្រ “ស្ងាត់តែមិនស្ងៀម” របស់សម្តេចមហាបវរធិបតីកំពុងចេញលទ្ធផលផ្លែផ្កាហេីយ។
សូមបញ្ជាក់ថា ពលរដ្ឋភូមិព្រៃចាន់ទាំង២៥៥គ្រួសារ ក្នុងមួយគ្រួសារទទួលបានអង្ករ ១០គីឡូក្រាម , ទឹក សុទ្ធ កម្ពុជា ១កេស , មីមួយកេស , ឃីតមួយ រួមនឹងគ្រឿង ឧបភោគ បរិភោគ មួយចំនួន៕










