(ខេត្តសៀមរាប)៖ តាមសេចក្តីរាយការណ៍ឱ្យដឹងថារថយន្តមួយគ្រឿងម៉ាក Toyota Alphard សង្ស័យអ្នកបើកបរងងុយដេក បានរេចង្កូតបុកដើមឈើដោយខ្លួនឯង បណ្តាលឲ្យស្ត្រីម្នាក់ស្លាប់ និងរងរបួសធ្ងន់ស្រាល០៩នាក់។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងវេលាម៉ោង០៣:៥០នាទី ឈានចូលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ នៅតាមបណ្តោយផ្លូវជាតិលេខ ៦អា ចន្លោះគីឡូម៉ែត្រ ២៥៩-២៦០ ស្ថិតក្នុងភូមិថ្នល់តាសិត ឃុំគោកកធ្លកក្រោម ស្រុកជីក្រែង ខេត្តសៀមរាប។
គេឱ្យដឹងថាបុរសឈ្មោះ សុខ លាភ អាយុ ៤៥ឆ្នាំ រស់នៅភូមិគោកចាន់ ឃុំអំពិល ស្រុកជីក្រែង ខេត្តសៀមរាប បានបើកបររថយន្តមួយគ្រឿងម៉ាក Toyota Aplhard ពណ៌ស ពាក់ផ្លាកលេខកំពង់ស្ពឺ 2B.8181 ទិសដៅពីកើតទៅលិច ដឹកអ្នករួមដំណើរ ១០នាក់ លុះមកដល់ចំណុចកើតហេតុ ងងុយដេក រេចង្កូតបុកដើមឈើ បណ្តាលឲ្យស្លាប់ស្ត្រីម្នាក់ និងរងរបួសធ្ងន់ស្រាល ០៩នាក់។
ក្រុមការងារមជ្ឈមណ្ឌលប្រចាំបញ្ជា នៃអគ្គស្នងការដ្ឋាននគរបាលជាតិក្រោយបានទទួលព័ត៌មានខាងលើ ក៏ចុះពិនិត្យ សម្រួលចរាចរណ៍ និងប្រមូលវត្ថុតាង រថយន្ត០១គ្រឿងមករក្សាទុកនៅអធិការនគរបាលស្រុកជីក្រែង ដើម្បីបន្តនិតិវិធី៕




