លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចែកអំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋងាយរងគ្រោះ ១៣២៩គ្រួសារ

(ខេត្តកំពង់ស្ពឺ)៖ ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ និងលោកជំទាវ ម៉េង វ៉ាន់ដានីន អញ្ជើញអមដំណើរ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា អញ្ជើញសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ ជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុតចំនួន ១៣២៩គ្រួសារ មកពីស្រុកថ្ពង ស្រុក ឱរ៉ាល់ ស្រុកសាមគ្គីមុនីជ័យ និងក្រុងឧដុង្គម៉ែជ័យ ក្នុងខេត្តកំពង់ស្ពឺ។

មានមតិស្វាគមន៍នាឱកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ប្រធានសាកាកបាទក្រហមកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះគំនិតផ្តួចផ្តើមដ៏ថ្លៃថ្លារបស់ លោកជំទាវបណ្ឌិតអនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា ដែលបានផ្តល់អនុសាសន៍រៀបចំពិធីចែកអំណោយដល់ជនងាយរងគ្រោះនេះឡើង។

ឯកឧត្តមបណ្ឌិតពុំអាចបំភ្លេចបានឡើយ នូវគុណូបការៈរបស់ សម្តេចតេជា ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា ដែលតែងតែលះបង់កម្លាំងកាយ-ចិត្ត-ពេលវេលា អញ្ជើញជាអធិបតីនៃអង្គមិទ្ទីងថ្នាក់ជាតិរបស់កាកបាទក្រហមកម្ពុជាជារៀងរាល់ឆ្នាំ ចាប់តាំងពីឆ្នាំ២០០៩ រហូតដល់ឆ្នាំ២០១៩ ព្រមទាំងទុកជាមរតកជូនអ្នកជំនាន់ក្រោយនូវស្មារតីនៃវប្បធម៌ចែករំលែក និងស្មារតីខ្មែរស្រឡាញ់ខ្មែរ ខ្មែរជួយខ្មែរ ក្នុងសង្គមជាតិកម្ពុជាយើងជារៀងរហូតមក ព្រមទាំងបានឧបត្ថម្ភគាំទ្រឱ្យកាកបាទក្រហមកម្ពុជាមានភាពម្ចាស់ការផ្នែកហិរញ្ញវត្ថុស្ទើរទាំងស្រុងរហូតសព្វថ្ងៃនេះ។

ថ្លែងក្នុងឱកាសដ៏វិសេសវិសាលនេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បាននាំនូវព្រះរាជសុវណីរបស់ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយស និងប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើសួរសុខទុក្ខ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជនទាំងអស់ ដែលតែងតែបានចូលរួមបរិច្ចាគថវិកា សម្ភារ ជូនកាកបាទក្រហមកម្ពុជា ដោយសទ្ធាជ្រះថ្លា និងតាមការស្ម័គ្រចិត្ត ដែលនេះគឺពិតជាមានគុណតម្លៃណាស់ក្នុងការលើកកម្ពស់ស្មារតីវប្បធម៌នៃការចែករំលែក និងជាការផ្សារភ្ជាប់រវាងសប្បុរសជនជាមួយអ្នកទទួលផលរបស់កាកបាទក្រហមកម្ពុជា៕