(ខេត្តកំពង់ឆ្នាំង)៖ នៅព្រឹកថ្ងៃចន្ទ ទី៨ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំពិភាក្សាស្វែងរកធាតុចូល ដើម្បីអភិវឌ្ឍន៍ និងធ្វើឱ្យកាន់តែប្រសើរឡើង នូវការងារអប់រំ ក្នុងខេត្តកំពង់ឆ្នាំង។
កិច្ចប្រជុំមានការចូលរួមពី ឯកឧត្ដម គិត ច័ន្ទសីហា ប្រធានតំបន់៣ នៃលេខាធិការដ្ឋាន គ.វ.អ. អភិបាលរងខេត្ត នាយក នាយករងរដ្ឋបាល នាយកទីចាត់ការ អភិបាលក្រុង ស្រុក ថ្នាក់ដឹកនាំមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ប្រធានការិយាល័យអប់រំក្រុង ស្រុក និងនាយក នាយិកាវិទ្យាល័យទាំងអស់នៅក្នុងខេត្តកំពង់ឆ្នាំង។
ឯកឧត្តម អភិបាលខេត្តកំពង់ឆ្នាំង បានគូសបញ្ជាក់ថា ការអភិវឌ្ឍវិស័យអប់រំក្នុងខេត្តទាមទារឱ្យមានការចូលរួមយ៉ាងសកម្មពីគ្រប់អ្នកពាក់ព័ន្ធ ទាំងអាជ្ញាធរ មន្ទីរជំនាញ គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ អាណាព្យាបាល សហគមន៍ ដៃគូអភិវឌ្ឍន៍ និងកូនក្មួយជាសិស្សានុសិស្សផងដែរ។
ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ក៏បានដាក់ចេញនូវគោលការណ៍ដឹកនាំ និងផែនការសកម្មភាពសំខាន់ៗមួយចំនួន ដើម្បីជំរុញឱ្យវិស័យអប់រំនៅក្នុងខេត្ត កាន់តែមានការអភិវឌ្ឍរីកចម្រើន ស្របតាមផែនការយុទ្ធសាស្ត្រវិស័យអប់រំឆ្នាំ២០២៤-២០២៨ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល៕















