ឯកឧត្តម គួច ចំរើន អញ្ជើញកាត់វិញ្ញាសារប្រឡងចូលបម្រើការងារនៅក្នុងក្របខ័ណ្ឌមន្ត្រីពន្ធនាគារ ក្រសួងមហាផ្ទៃសម្រាប់ឆ្នាំ២០២៥ នៅវិទ្យាល័យ ហ៊ុន សែន តាខ្មៅ

(ខេត្តកណ្តាល)៖ ព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល រួមជាមួយថ្នាក់ដឹកនាំខេត្តកណ្តាល អញ្ជើញកាត់ស្រោមវិញ្ញាសារប្រឡងជ្រើសរើសឱ្យចូលបម្រើការងារនៅក្នុងក្របខ័ណ្ឌមន្ត្រីពន្ធនាគារ ក្រសួងមហាផ្ទៃ សម្រាប់ឆ្នាំ២០២៥ នៅមណ្ឌលប្រឡងវិទ្យាល័យ ហ៊ុន សែន តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ដែលមានបេក្ខជនត្រូវប្រឡងប្រជែងនៅមណ្ឌលខេត្តកណ្តាល ចំនួន ៥២៩ នាក់ មកពីខេត្តកណ្ដាល ខេត្តព្រៃវែង និងខេត្តស្វាយរៀង។

ក្នុងឱកាសនោះ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានផ្តាំផ្ញើដល់បេក្ខជនទាំងអស់ឱ្យខិតខំប្រឹងប្រែងយកចិត្តទុកដាក់ បញ្ចេញសមត្ថភាព ចំណេះដឹង និងតាំងស្មារតីឱ្យរឹងមាំនៅក្នុងពេលប្រឡង ហើយត្រូវបញ្ចេញឱ្យអស់នូវសមត្ថភាពរបស់ខ្លួន នូវចំណេះដឹងដែលបានសិក្សាកន្លងមករបស់ក្មួយៗ ព្រមទាំងត្រូវគោរពឱ្យបានល្អនូវបទបញ្ជាផ្ទៃក្នុង វិន័យក្នុងពេលប្រឡង និងស្តាប់នូវការណែនាំរបស់គណៈមេប្រយោគឱ្យបានខ្ជាប់ខ្ជួន។ ឯកឧត្តមបន្តថា ការប្រឡងជ្រើសរើសក្របខ័ណ្ឌមន្ត្រីពន្ធនាគារ នៃក្រសួងមហាផ្ទៃនាពេលនេះ គឺជាឱកាសដ៏ប្រសើរសម្រាប់ក្មួយៗ ជាបេក្ខជនទាំងអស់ ក្នុងការវាស់ស្ទង់នូវគំនិតយល់ដឹង ចំណេះដឹង សមត្ថភាពរបស់ក្មួយៗ ដើមី្បយកទៅបម្រើការងារ នៅក្នុងក្របខ័ណ្ឌមន្ត្រីពន្ធនាគារ នៃក្រសួងមហាផ្ទៃ សម្រាប់ទៅថ្ងៃអនាគត។

លោក គឹម សម្បត្តិ នាយកទីចាត់ការគ្រប់គ្រងធនធានមនុស្សសាលាខេត្តកណ្តាល បានបញ្ជាក់ថា៖ ការប្រឡងជ្រើសរើស ឱ្យចូលបម្រើការងារនៅក្នុងក្របខ័ណ្ឌមន្ត្រីពន្ធនាគារ ក្រសួងមហាផ្ទៃ សម្រាប់ឆ្នាំ២០២៥ មានបេក្ខជនសរុបចំនួន ៥២៩នាក់ ស្មើនឹង ២២បន្ទប់ ក្នុងនោះបេក្ខជនដាក់ពាក្យនៅខេត្តកណ្តាលចំនួន ២០៩នាក់, បេក្ខជនដាក់ពាក្យនៅខេត្តព្រៃវែង ចំនួន ១៣៥នាក់ និងបេក្ខជនដាក់ពាក្យនៅខេត្តស្វាយរៀង ចំនួន ១៨៥នាក់ រយៈពេលប្រឡង២ម៉ោង លើវិញ្ញាសារចំណេះដឹងទូទៅ និងចំណេះដឹងវិស័យពន្ធនាគារ។

សូមបញ្ជាក់ផងដែរថា៖ ការប្រឡងជ្រើសរើសបញ្ចូលក្របខណ្ឌមន្ត្រីពន្ធនាគារ ធ្វើទៅតាមការកំណត់របស់ក្រសួងមហាផ្ទៃ។ ក្នុងការប្រឡងនេះ គឺបានប្រព្រឹត្តទៅមួយព្រឹកពេញ ប្រកបដោយភាពរលូន និងទទួលបានជោគជ័យ ទៅតាមការកំណត់នៃកម្មវិធីរបស់ក្រសួងមហាផ្ទៃ៕