លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ និងនាំយកគ្រឿងឧបភោគបរិភោគ ព្រមទាំងថវិកាជូនក្រុមគ្រួសារសព អនុសេនីយ៍ត្រី ស៊ីថា រទ្ធី

(ខេត្តស្ទឹងត្រែង)៖ នៅថ្ងៃ ទី១៩ ខែ សីហា ឆ្នាំ២០២៥ នេះ ឯកឧត្តម សរ សុពុត្រា អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង និងអង្គភាពអ្នកពាក់ព័ន្ធជាច្រើន បានចូលរួមអមដំណើរលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា អនុប្រធានសមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ (TYDA) និងជាអគ្គស្នងការនៃសមាគមកាយឫទ្ធិនារីកម្ពុជា និងក្រុមការងារ អញ្ជើញគោរពវិញ្ញាណក្ខន្ធវីរកងទ័ព និងនាំយកនូវគ្រឿង ឧបភោគបរិភោគ សម្ភារបរិក្ខារ របស់របរប្រើប្រាស់ និងថវិកាមួយចំនួនជូនក្រុមគ្រួសារសព វីរកងទ័ព អនុសេនីយ៍ត្រី ស៊ីថា រទ្ធី អាយុ ២៧ ឆ្នាំ យុទ្ធជននៃវរសេនាតូចអន្តរាគមន៍២៨២ កងពលអន្តរាគមន៍លេខ១២៨ យោធភូមិភាគទី១ ដែលបានពលី កាលពី ថ្ងៃទី ២៩ ខែ កក្កដា កន្លងទៅ នៅសមរភូមិបុស្បូវ-ជាំតែ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ ពិធីនេះ បានប្រារព្ធទៅ នៅគេហដ្ឋាន គ្រួសារនៃ សព នៅភូមិ រាជានុកូល សង្កាត់ ស្ទឹងត្រែង ក្រុងនិងខេត្តស្ទឹងត្រែង។

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ក៏បានថ្លែងទៅកាន់ក្រុមគ្រួសារយោធិនពលី អំពីវីរភាពនៃការលះបង់ និងបេសកកម្មក្នុងការការពារជាតិ និងការពារបូរណភាពទឹកដីយ៉ាងអង់អាចក្លាហាន ដែលត្រូវបានរាជរដ្ឋាភិបាលយកចិត្តទុកដាក់ ជាពិសេសមហាគ្រួសារខ្មែរដឹងគុណ និងចងចាំគុណូបការៈគ្មានថ្ងៃបំភ្លេចបានសម្រាប់ជាតិយើង។ សូមឱ្យវិញ្ញាណក្ខន្ធយោធិនពលី បានទៅកាន់ទីស្ងប់សុខ និងសុខគតិភពកុំបីឃ្លៀងឃ្លាតឡើយ។ ព្រមជាមួយគ្នានេះលោកជំទាវបណ្ឌិត ក៏បានពាំនាំសាររំលែកទុក្ខពីសំណាក់ សម្តេចតេជោ ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំង សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី ចារឹកទុកជាការចងចាំជារៀងរហូតសម្រាប់ជាតិ និងជាការដឹងគុណដល់វីរភាពមិនអាចកាត់ថ្លៃបានចំពោះការពលីលើសមរភូមិមុខក្នុងបុព្វហេតុការពារជាតិ សាសនា ព្រះមហាក្សត្រ និងដែនអធិបតេយ្យភាពកម្ពុជា។

លើសពីនេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ក៏បានផ្តល់ជូននូវអំណោយជាគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនជូនដល់ក្រុមគ្រួសារយុទ្ធជនពលីដើម្បីកសាងជីវភាពឱ្យកាន់តែប្រសើរឡើង ក្រោយបាត់បង់បង្គោលគ្រួសារផងដែរ៕