លោកជំទាវបណ្ឌិត បាន ស្រីមុំ អញ្ជេីញបន្តជួយសម្របសម្រួលជូនបងប្អូនពលករខ្មែរដែលវិលត្រលប់មកពីប្រទេសថៃ

(ខេត្តប៉ៃលិន)៖ នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៥ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានអញ្ជើញពិនិត្យមើលក្រុមការងាររបស់រដ្ឋបាលខេត្ត កំពុងបន្ត សម្របសម្រួល និងដោះស្រាយជូនបងប្អូនពលករខ្មែរ ដែលមកពីប្រទេសថៃវិលត្រលប់ទៅស្រុកកំណើតវិញ តាមច្រកទ្វារព្រំដែនអន្តរជាតិព្រំ ខេត្តប៉ៃលិន។

លោកជំទាវបណ្ឌិត បាន ស្រីមុំ បានមានប្រសាសន៍លើកឡើងថារដ្ឋបាលខេត្តបានជូនដំណឹងដល់បងប្អូនពលករខ្មែរ ដែលកំពុងធ្វើការនៅប្រទេសថៃ ឱ្យត្រឡប់មកមាតុភូមិវិញ មុនពេលអាជ្ញាធរថៃ បណ្តេញចេញឬធ្វើការប្រមាថណាមួយ ដោយរងចាំទទួលទាំងអស់ឱ្យតែជាជនជាតិខ្មែរ ទោះបីជាមានឯកសារ ឬមិនមានឯកសារគ្រប់គ្រាន់ក៏ដោយ ហើយជាក់ស្តែងនៅច្រកទ្វារព្រំដែនអន្តរជាតិព្រំខេត្តប៉ៃលិន គឺមានបងប្អូនពលករខ្មែរ បានធ្វើដំណើរឆ្លងព្រំដែន ត្រលប់មកកម្ពុជាវិញជារៀងរាល់ថ្ងៃដោយរដ្ឋបាលខេត្ត បានសហការជាមួយ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំទីតាំងត្រៀមទទួលបងប្អូនពលករ នៅក្បែរព្រំដែន ដើម្បីសម្រួលទាំងការស្នាក់នៅបណ្ដោះអាសន្នការហូបចុក ការថែទាំព្យាបាលសុខភាព និងជូនដំណើរវិលត្រលប់ ទៅស្រុកកំណើតវិញដោយឥតគិតថ្លៃ ព្រមទាំងជួយរកការងារជូនបងប្អូនពលករផងដែរ។

លោកជំទាវបណ្ឌិត បានមានប្រសាសន៍បញ្ជាក់ថាបន្ទាប់ពីប្រទេសថៃបានបង្កសង្រ្គាមឈ្លានពានរយៈពេល ៥ថ្ងៃ នៅតាមព្រំដែនជាមួយកម្ពុជាក្នុងរយៈពេលកន្លងមកនេះ សង្កេតឃើញថាមានបងប្អូនពលករខ្មែរកាន់តែច្រើនឡើងៗ បានសម្រុកចាកចេញពីប្រទេសថៃ វិលត្រឡប់មកស្រុកកំណើត វិញតាមច្រកទ្វារព្រំដែនមួយចំនួន រួមទាំងច្រកទ្វារព្រំដែនអន្តរជាតិព្រំ ខេត្តប៉ៃលិនផងដែរ។