(ខេត្តព្រះសីហនុ)៖ ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះសីហនុ បានរៀបចំពិធី សំណេះសំណាល បើកប្រាក់ឧបត្ថម្ភគោលនយោបាយរបស់រាជរដ្ឋាភិបាល តាមរយៈក្រសួងការពារជាតិ ជូនយោធិនសោធននិវត្តន៍សម្រាប់ឆ្នាំ២០២៤ ចំនួន ១៥ នាក់ ក្រោមអធិបតីភាព ឧត្តមសេនីយ៍ឯក សំ ចាន់ធួន អគ្គនាយករង អគ្គនាយកដ្ឋានយោធសេវា និងជាប្រធានអនុគណៈកម្មការគោលនយោបាយយោធិនពលីមរណៈបង្កស្លាប់បាត់ខ្លួន និងសោធននិវត្តន៍ នៃក្រសួងការពារជាតិ។
ឧត្តមសេនីយ៍ត្រី នូវ សំអុល មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងព្រះសីហនុ បានមានមតិស្វាគមន៍ និងរបាយការណ៍សង្ខេប ជូនអង្គពិធី និង គណៈអធិបតី ។
នាឱកាសនោះដែរ ឧត្តមសេនីយ៍ឯក សំ ចាន់ធួន ក៏បានអំពាវនាវដល់យោធិនសោធននិវត្តន៍ទាំងអស់នៅក្នុងពិធីនេះ ត្រូវទៅដាក់ពាក្យចុះឈ្មោះសុំចូលរួមជាសមាជិកសមាគមអតីតយុទ្ធជនកម្ពុជា ដើម្បីទទួលបាននូវអត្ថប្រយោជន៍ផ្សេងៗទៀតពីសមាគម។
ឧត្តមសេនីយ៍ឯក សំ ចាន់ធួន បានបញ្ជាក់ជូនអំពីការដោះស្រាយប្រាក់គោលនយោបាយរបស់រាជរដ្ឋាភិបាលតាមរយៈក្រសួងការពារជាតិ សម្រាប់ឧបត្ថម្ភជូនដល់យោធិនសោធននិវត្តន៍ នៅពេលនេះ គឺជាការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងការពារជាតិ ហើយក្នុងឱកាសទទួលបានប្រាក់គោលនយោបាយនេះ ។ សូមបងប្អូនចាត់ចែងយកថវិកានេះ ដើម្បីប្រកបមុខរបររកទទួលទាន ដោយសុចរិតទៀងត្រង់ និងចូលរួមអនុវត្តឱ្យបានល្អតាមគោលនយោបាយភូមិឃុំមានសុវត្ថិភាពនៅតាមមូលដ្ឋាននីមួយៗ រួមចំណែកថែរក្សាឲ្យបាននូវសុខសន្តិភាព និងការឯកភាពជាតិពេញលេញ ដូចសព្វថ្ងៃនេះឲ្យនៅគង់វង្សជារៀងរហូត៕
















