យោធិននារីលំហែមាតុភាពចំនួន២ រូប បម្រើការងារនៅក្នុងបញ្ជាការដ្ឋានការពារអាកាស កងទ័ពជើងគោក ទទួលថវិកាគោលនយោបាយរបស់រាជរដ្ឋាភិបាល

(ភ្នំពេញ)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាដែលមាន សម្តេចបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅតែបានយកចិត្តទុកដាក់ និងគិតគូពីសុខទុក្ខសុខមាលភាពសារធារណ:ជូនយោធិននៃកងយោធពលខេមរភូមិន្ទ តាមរយៈការដំឡេីងប្រាក់បៀវត្ស ប្រាក់មុខងារ ការឧបត្ថម្ភបន្ថែមលើគោលរបបដែលមានស្រាប់ និងការបង្កើតកញ្ចប់គោលនយោបាយផ្សេងៗ គាំទ្រដល់ការងារសង្គម និងជីវភាពកងទ័ព ជាក់ស្ដែងដូចជាប្រាក់ឧបត្ថម្ភដល់យោធិននារីលំហែមាតុភាព ក៏ជាផ្នែកមួយនៃកញ្ចប់ថវិកាគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីជួយសម្រួលការលំបាកមួយចំណែក ដល់យោធិននារីក្នុងរយៈពេលធ្វើការសម្រាកលំហែមាតុភាព។

ជាក់ស្ដែងកាលពីព្រឹកថ្ងៃពុធទី០២ ខែកក្កដា ឆ្នាំ២០២៥ ក្រោមការចាត់តាំងរបស់ ឯកឧត្តម ឧត្ដមសេនីយ៍ទោ សុខ ប៉ាង នាយសេនាធិការរងកងទ័ពជើងគោក មេបញ្ជាការ បញ្ជាការដ្ឋានការពារអាកាស បានចាត់តាំងលោកជំទាវ ឧត្ដមសេនីយ៍ត្រី ពៅ ដាវីត មេបញ្ជាការរង បញ្ជាការដ្ឋានការពារអាកាស និងក្រុមការងារជំនាញពាក់ព័ន្ធនាំយកថវិកាចំនួន២,០០០,០០០ រៀលជូនយោធិននារីលំហែមាតុភាពចំនួន២ រូបក្នុងនោះថវិកាកញ្ចប់គោលនយោបាយលំហែមាតុភាព របស់រាជរដ្ឋាភិបាលតាមរយៈក្រសួងការពារជាតិចំនួន ១,៦០០,០០០ រៀល ថវិការបស់សមាគមនារីកងទ័ពជើងគោកចំនួន ២០០,០០០ រៀល និងថវិកាក្រុមការងារយេនឌ័រកងឯកភាពបញ្ជាការដ្ឋានការពារអាកាសចំនួន ២០០,០០០ រៀល ប្រគល់ជូនលោកស្រី អនុសេនីយ៍ត្រី ណាត គន្ធា បានតែចំនួន ៨០០,០០០ រៀលទេដែលជាថវិការបស់រាជរដ្ឋាភិបាលតាមរយៈក្រសួងការពារជាតិ ពីព្រោះលោកស្រីមិនទាន់បានចូលជាសមាជិករបស់សមាគមនារីកងទ័ពជើងគោក និងសមាគមនារីបញ្ជាការដ្ឋានការពារអាកាស និងលោកស្រី ព្រឹន្ទបាលឯក ម៉ាប់ នីល័ក្ខ បានចំនួន ១,២០០,០០០ រៀល ដោយក្នុងនោះថវិកាកញ្ចប់របស់រាជរដ្ឋាភិបាលតាមរយៈក្រសួងការពារជាតិ ចំនួន៨០០,០០០ រៀល ថវិកាសមាគមនារីកងទ័ពជើងគោក ២០០,០០០ រៀលថវិកាសមាគមនារីបញ្ជាការដ្ឋានការពារអាកាស ២០០,០០០រៀលបច្ចុប្បន្នកំពុងសម្រាកលំហែមាតុភាព។

ថ្លៃងក្នុងឱកាសនោះលោកជំទាវឧត្តមសេនីយ៍ត្រី ពៅ ដាវីត បានផ្ដាំផ្ញើការសួរសុខទុក្ខពីឯកឧត្តមមេបញ្ជាការ ក៏ដូចជាការលើកឡើងអំពីការយកចិត្តទុកដាក់របស់ប្រមុខរាជរដ្ឋាភិបាល តាមរយៈក្រសួងការពារជាតិ ដែលតែងតែគិតគូរពីសុខទុក្ខសុខមាលភាពសាធារណៈ ជាពិសេសយោធិននារីនៅក្នុងកងយោធពលខេមរៈភូមិន្ទ របស់យើងកន្លងមកដោយមិនបានទុកចោលដោយគ្មានការទទួលខុសត្រូវឡើយ៕