(ខេត្តកំពង់ធំ)៖ ព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ កងកម្លំាងអន្តរាគមន៍នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដឹកនាំដោយលោកវរសេនីយ៍ទោ ទិត ចាន់ប្រធានក្រុមទីបញ្ជាការស្រាលប្រចាំការនៅឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ និងលោកអនុសេនីឯក លុយ សុភាព ប្រធានក្រុមទីបញ្ជាការស្រាលប្រចាំការនៅឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ បានបន្តសហការជាមួយកងកម្លាំងចម្រុះធ្វើសកម្មភាពបង្ក្រាបឧបករណ៍នេសាទខុសច្បាប់ ដែលនៅតែបន្តកេីតមានឡេីងជារៀងរាល់ថ្ងៃ នៅក្នុងរដូវបិទនេសាទនេះ។
លោកវរសេនីយ៍ទោ ទិត ចាន់ និងលោកអនុសេនីឯកលុយ សុភាព បានបញ្ជាក់ថា ជារៀងរាល់ថ្ងៃ កងកម្លំាងអន្តរាគមន៍នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានសហការជាមួយកងកម្លាំងចម្រុះ ធ្វើសកម្មភាពជាប្រចាំ ក្នុងការបង្ក្រាប និងបំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់ នូវរបាំងសាច់អួន និងរបាំងស្បៃមុង ខុសច្បាប់ ដែលច្បាប់បានហាមឃាត់ដាច់ខាតមិនឲ្យប្រើប្រាស់ក្នុងរដូវបិទនេសាទ តែក្រុមជនល្មើសមួយចំនួន នៅតែលួចធ្វើនេសាទខុសច្បាប់ នៅក្នុងតំបន់ស្មុគស្មាញ ដែលមានស្មៅ ស្រង៉ែ ឬកក់ ដែលកងកម្លាំងចម្រុះរបស់យើងលំបាកក្នុងការធ្វើដំណើរ និងបង្ក្រាប។
ឧត្ដមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង អនុប្រធានអចិន្ដ្រៃយ៍ នៃគណៈកម្មការគ្រប់គ្រង ការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ បានបញ្ជាក់ថា កន្លងមក កងកម្លាំងចម្រុះ រួមជាមួយអាជ្ញាធរដែនដី និងស្ថាប័នជំនាញមានសមត្ថកិច្ច បានធ្វើការផ្សព្វផ្សាយ អំពីស្ដីពីច្បាប់ជលផល និងលិខិតបទដ្ឋាននានាដែលហាមមិនឲ្យប្រជានេសាទ ប្រេីប្រាសឧបករណ៍នេសាទខុសច្បាប់ ក្នុងរដូវបិទនេសាទរួចហើយ តែជនល្មើសមួយចំនួន នៅតែបំពាន លួចធ្វើសកម្មភាពនេសាទខុសច្បាប់ ដោយប្រើប្រាស់ឧបករណ៍ស្បៃមុងដែលមានតម្លៃថោក ហើយដែលច្បាប់បានហាមឃាត់ដាច់ខាត ព្រោះវាបានបំផ្លិចបំផ្លាញធនធានមច្ឆជាតិសម្រាប់កូនចៅយើងនៅជំនាន់ក្រោយៗទៀត។
ឧត្ដមសេនីយ៍ទោ សោម ស៊ុន បានដាក់បទបញ្ជាដាច់ខាតដល់កងកម្លាំងអន្តរាគមន៍នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ត្រូវបន្តសកម្មភាពសហការជាមួយកម្លាំងចម្រុះ បង្ក្រាបឧបករណ៍នេសាទខុសច្បាប់នេះឲ្យបានជាដាច់ខាត មិនឲ្យមានការកេីតឡេីងវិញជាថ្មីទៀតបានឡើយ និងត្រូវស្រាវជ្រាវវែករកមុខជនល្មើសដែលលួចដាក់ឧបករណ៍នេសាទខុសច្បាប់ ដេីម្បីអប់រំ ព្រមាន ធ្វើកិច្ចសន្យា និងចាត់វិធានការតាមនីតិវិធីច្បាប់ទៅកាន់តុលាការដោយគ្មានការលើកលែងឡេីយ គឺដើម្បីជាផលប្រយោជន៍សម្រាប់ជូនដល់សង្គមជាតិយើងទាំងអស់គ្នា។








