(ភ្នំពេញ)៖ តាមសេចក្តីរាយការណ៍ឱ្យដឹងថាកម្លាំងជំនាញនៃនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន សហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឆ្មក់ចុះបង្ក្រាបទីតាំងភោជនីយដ្ឋាននិងខារ៉ាអូខេមួយកន្លែងយីហោ”ដាយមិនស្តារ” បានឃាត់ខ្លួនមនុស្សប្រុសស្រី ១២១នាក់ ពាក់ព័ន្ធបង្កប់សេវាកម្មកម្មផ្លូវភេទ កេងប្រវ័ញ្ចលើស្ត្រីនិងកុមារ។ ក្នុងចំណោមមនុស្សទាំង ១២១នាក់ កម្លាំងជំនាញបានរកឃើញមានអនីតិជន ១៤នាក់។
ប្រតិបត្តិការនេះធ្វើឡើងកាលពីយប់ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៥ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ សុក សំបូរ ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន ក្រោមការសម្របសម្រួលពីលោក សំម ប្ញទ្ធីវាសនា ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ស្ថិតនៅក្បាលដី៥៧៦ ផ្លូវ៥០ម៉ែត្រ ភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
តាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងនៅរសៀលថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៥នេះថា ក្នុងប្រតិបត្តិការចុះត្រួតពិនិត្យ និងបង្ក្រាបជាក់ស្តែង កម្លាំងជំនាញបានឆែកឆេរនៅចំពោះមុខតំណាងម្ចាស់ទីតាំង រកឃើញមនុស្សចំនួន ១២១នាក់ (ស្រី១០៤នាក់ និងប្រុស១៧នាក់) ក្នុងនោះរកឃើញមានអនីតិជន១៤នាក់។
ក្រោយពីឃាត់ខ្លួន កម្លាំងជំនាញបានបញ្ជូនមនុស្សប្រសីទាំង១២១នាក់ ទៅនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ដើម្បីបន្តនីតិវិធី៕




