ក្នុងឱកាសចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់នាពេលខាងមុខ នាព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ ២០២៥ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអញ្ជើញចុះសាកសួរសុខទុក្ខកងកម្លាំងប្រដាប់អាវុធ ស្ថិតនៅក្នុងសាស្រ្តយោធភូមិភាគពិសេស ដែលបានប្រារព្ធធ្វើនៅទីបញ្ជាកងការពារព្រំដែនលេខ៦០១ យោធភូមិភាគពិសេស។
ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើជូននាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ដែលសម្តេចធិបតី និង លោកជំទាវ តែងតែយកចិត្តទុកដាក់ចំពោះកងទ័ព និងគ្រួសារកងទ័ពដែលកំពុងឈរជើងបំពេញភារកិច្ចការពារអធិបតេយ្យ បូរណភាពទឹកដី និងសន្តិសុខជូនប្រជាពលរដ្ឋនៅទិសជួរមុខនៃមាតុភូមិ។ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានបញ្ជាក់ថា៖ សន្តិភាពដែលរកបានដោយលំបាកត្រូវរួមគ្នាការពារឱ្យបានគង់វង្ស។
ក្នុងឱកាសនោះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បានជូនពរឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ជូនដល់មេបញ្ជាការ មេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហាន ដែលស្ថិតនៅក្នុងសាស្រ្ត យោធភូមិភាគពិសេស ទាំងអស់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាពេលខាងមុខ សូមឲ្យទទួលបាននូវសេចក្តីសុខ សេចក្តីចម្រើន កម្លាំងខ្លាំងក្លា ប្រាជ្ញាវៀងវៃ ព្រមទាំងសម្រេចបាននូវជោគជ័យថ្មីៗថែមទៀត ក្នុងការបំពេញភារកិច្ចជូនជាតិមាតុភូមិ។







