កងកម្លាំងតំបន់ប្រតិបត្តិការសឹករងខេត្តកំពង់ធំ ទទួលអំណោយអាវភ្លៀងពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេច​កិត្តិព្រឹទ្ធបណ្ឌិត

(ខេត្តកំពង់ធំ)៖ នៅព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានដំណើរការបើកចែកអាវភ្លៀង អំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជា​អគ្គភស្តុភារ​ជាន់​ខ្ពស់​នៃកងកម្លាំង​ប្រដាប់​អាវុធ​ជាតិ​កម្ពុជា​ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រម​ទាំង​សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនដល់យោធិនចំណុះអង្គភាពបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលពិធីនេះប្រព្រឹត្តទៅស្ថិតក្រោមអធិបតីភាពឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤។

ឧត្តមសេនីយ៍ទោ សោម ស៊ុន តំណាងឱ្យនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុត ចំពោះសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងនាមជាអគ្គភស្តុភារជាន់ខ្ពស់ នៃកងកម្លាំងប្រដាប់អាវុធជាតិកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដែលជានិច្ចកាលសម្ដេច និង​លោកជំទាវ តែងតែយកចិត្តទុកដាក់គ្រប់បែបយ៉ាងអំពីសុខទុក្ខ និងជីវភាពរស់នៅរបស់កងកម្លាំងប្រដាប់អាវុធ ពិសេសក្នុងរដូវរងាសម្ដេចបានផ្ដល់អាវរងា និងក្នុងរដូវភ្លៀងសម្ដេច បានផ្ដល់អាវភ្លៀង ដើម្បីយោធិន និងក្រុមគ្រួសារ សម្រាប់ប្រើប្រាស់ជារៀងរាល់ឆ្នាំ ផងដែរ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានក្រើនរំលឹកដល់យោធិនទាំងអស់ ត្រូវតែស្មោះត្រង់ដាច់ខាតចំពោះជាតិ សាសនា ព្រះមហាក្សត្រ និងរាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោត​ ហើយត្រូវប្តេជ្ញាចិត្តដាច់ខាតក្នុងការការពារបូរណភាពទឹដី​ ការពារ​រដ្ឋ​ធម្មនុញ្ញ​ ​ការពារ​រាជរដ្ឋាភិបាល​ស្របច្បាប់​ ​និងថែរក្សា​ការពារ​សុខសន្តិភាព ដែលយើងកំពុងមានដូចសព្វថ្ងៃនេះ ឱ្យនៅគង់វង្សជារៀងរហូត ដើម្បីប្រទេសជាតិយើងបន្តអភិវឌ្ឍន៍ឲ្យមានការរីកចម្រើនរុងរឿងបន្ថែមទៀត ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ​ មុឺងម៉ាត់​របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

នាយ​ទាហាន​ នាយ​ទាហាន​រង​និង​ពលទាហាន​នៃបញ្ជាការ​ដ្ឋាន​តំបន់​ប្រតិបត្តិការ​សឹក​រងកំពង់ធំ​ បានប្តេជ្ញា​ចិត្ត​ដាច់ខាត​ គោរព​ប្រតិបត្តិយ៉ាងមុឺងម៉ាត់​ និង​អនុវត្តន៍​​តាម​បទ​បញ្ជា​របស់​ថ្នាក់​ដឹកនាំ​គ្រប់​លំដាប់​ថ្នាក់​ នៃ​កងយោធពលខេមរភូមិន្ទ​ និង​មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រងកំពង់ធំ​ ឲ្យ​មាន​ប្រសិទ្ធភាព​ និង​ឲ្យ​ទទួល​បាន​ជោគជ័យ​តាម​ភារកិច្ច​ដែល​ថ្នាក់​ដឹកនាំ​បាន​ប្រគល់​។