ព្រហើនណាស់! ឃុំខ្លួនជនសង្ស័យ​ម្នាក់​ ពាក់ព័ន្ធធាក់​នគរបាល​ កំពុង​ដាក់​គោលដៅ​រឹត​បន្តឹងច្បាប់​ចរាចរណ៍

(ខេត្តសៀមរាប)៖ ជនសង្ស័យ​ម្នាក់ ​ដែល​ធ្វើ​សកម្មភាព​ធាក់​ប៉ូ​លី​ស​ចរាចរណ៍ ដែល​កំពុង​ដាក់​គោលដៅ​រឹត​បន្តឹង​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក រួច​គេចខ្លួន​ត្រូវ​បាន​កម្លាំង​ការិយាល័យ នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​ល​ខេត្តសៀមរាប ស្រាវជ្រាវ​ឃាត់ខ្លួន​បាន បញ្ជូន​ទៅ​តុលាការ​។

ឧត្តមសេនីយ៍ទោ​ ហួត សុធី ស្នងការ​នគរបាល​ខេត្តសៀមរាប បានប្រាប់បណ្តាញព័ត៌មាននៅ​ព្រឹក​ថ្ងៃ​ទី​២៣​ ខែឧសភា​ ឆ្នាំ២០២៥នេះ​ថា កាល​នៅ​ថ្ងៃ​ទី​១៨ ខែឧសភា ឆ្នាំ​២០២៥ វេលា​ម៉ោង ១៤​និង​០០​នាទី​រសៀល កម្លាំង​នគរបាល​ចរាចរណ៍​ផ្លូវគោក បាន​ដាក់​គោលដៅ​រឹត​បន្តឹង​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក នៅ​ត្រង់​ចំណុច​ខាងលិច​ស្ពាន​ព្រះ​ឥន្ទ​កោ​សី ដែល​ស្ថិត​នៅ​ក្នុងភូមិ​មណ្ឌល​៣ សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប ខេត្តសៀមរាប​។ លុះដល់​វេលា​ម៉ោង​១៥​និង​២០​នាទី​រសៀល ថ្ងៃ​ដដែល មាន​ជនសង្ស័យ​ឈ្មោះ ទី គឹ​ម​ហួរ ភេទ​ប្រុស អាយុ​១៧ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​តា​វៀន សង្កាត់​សាលា​កំរើក ក្រុង​-ខេត្តសៀមរាប បាន​ធ្វើ​ដំណើរ​ឆ្លងកាត់​គោលដៅ​រឹត​បន្តឹង​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក ដោយ​ពុំ​បាន​ពាក់មួក​ការពារ​សុវត្ថិភាព ត្រឹមត្រូវ​ក៏​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​បញ្ជា​ឱ្យ​ឈប់ តែ​ជនសង្ស័យ​ខាងលើ​មិន​ព្រម​ឈប់​ហើយ​បាន​ធ្វើ​សកម្មភាព​លើកជើង​ខាងឆ្វេង​របស់​ខ្លួន​ធាក់​ទៅ​លើ​កម្លាំង​នគរបាល​ចរាចរណ៍ ដែល​កំពុង​អនុត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក បណ្តាល​ឱ្យ​ដួល​។

ក្រោយ​កម្លាំង​សម្ថ​កិច្ច​ធ្វើការ​ឃាត់ខ្លួន​មក​សួរនាំ តាម​ចម្លើយ​សារភាព​របស់​ជនសង្ស័យ ឈ្មោះ ទី គឹ​ម​ហួរ ហៅ​ទុ​យ បាន​ឆ្លើយ​សារភាព​ថា រូប​ខ្លួន​ពិតជា​បាន​ធ្វើ សកម្មភាព​លើកជើង​ខាងឆ្វេង​របស់​ខ្លួន ធាក់​ទៅ​លើ​នគរបាល​ចរាចរណ៍​ដែល​កំពុង​រឹត​បន្តឹង​ការ​អនុត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ពិតប្រាកដ​មែន​។ ជនសង្ស័យ​ខាងលើ​ត្រូវ​បាន​កម្លាំង​ការិយាល័យ​នគរបាល​ជំនាញ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តសៀមរាប ដើម្បី​អនុវត្ត​ឱ្យ​បាន​ត្រឹមត្រូវ​តាម​នីតិវិធី​ច្បាប់​។

បច្ចុប្បន្ន​ជន​ត្រូវ​ចោទ​រូប​នេះ ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​ខេត្តសៀមរាប ចេញ​ដីកា​បង្កា​ប់​ឱ្យ​ឃុំខ្លួន នៅ​ពន្ធនាគារ​ខេត្តសៀមរាប​៕