រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ស្នើឱ្យព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រៃវែង ពន្លឿនចំណាត់ការក្នុងសំណុំរឿងមួយ ក្រោយមានសំណើសុំអន្តរាគម

ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានស្នើទៅ ឯកឧត្តម គុជ គីមឡុង ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តព្រៃវែង ឱ្យជំរុញ និងពន្លឿនចំណាត់ការក្នុងសំណុំរឿងព្រហ្មទណ្ឌមួយ ចុះថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤។

ការដាក់លិខិតស្នើឱ្យពន្លឿនចំណាត់ការនេះ ធ្វើឡើងក្រោយឈ្មោះ ឯម សុខសុវណ្ណ បានដាក់សំណើសុំអន្តរាគម មកគណៈបញ្ជាការដឹកនាំយុទ្ធនាការ នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥។

ឯកឧត្តម កើត រិទ្ធ បានរៀបរាប់នៅក្នុងលិខិតថា៖ « សូមឯកឧត្តម ពិនិត្យ និងជំរុញចំណាត់ការសំណុំរឿងនេះ ឱ្យបានឆាប់រហ័ស និងឱ្យបានត្រឹមត្រូវស្របតាមនីតិវិធីច្បាប់ជាធរមាន និងរាយការណ៍អំពីលទ្ធផលនៃចំណាត់ការនៃសំណុំរឿងនេះ មកលេខាធិការដ្ឋាននៃគណៈបញ្ជាការដឹកនាំយុទ្ធនាការ។ ក្នុងករណីដែលមានឧបសគ្គ ឬបញ្ហា ក្នុងចំណាត់ការលើសំណុំរឿងនេះ សូមធ្វើការរាយការណ៍មកគណៈបញ្ជាការដឹកនាំយុទ្ធនាការ ដើម្បីមានមូលដ្ឋានចាត់ការបន្ត។»។

សូមជម្រាបថា ក្រសួងយុត្តិធម៌ នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ បានប្រកាសដាក់ចេញនូវយុទ្ធនាការចំនួន ២ ព្រមពេលជាមួយគ្នា នៅក្នុងក្របខ័ណ្ឌនៃការងារកែទម្រង់ប្រព័ន្ធយុត្តិធម៌កម្ពុជា សំដៅពង្រឹងនិងលើកកម្ពស់សេវាយុត្តិធម៌ និងគុណភាពនៃយុត្តិធម៌ ដែលក្នុងនោះរួមមាន៖ (១). យុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ និង (២). យុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ។

ក្រោយការប្រកាសដាក់ចេញ, ឯកត្តម ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំក្រសួងយុត្តិធម៌ និងជាអ្នកនាំពាក្យ អះអាងថា ការដោះស្រាយការកកស្ទះសំណុំរឿងនៅតុលាការ ទទួលលទ្ធផលលើសពីការរំពឹងទុក ដោយក្នុងរយៈពេលមួយឆ្នាំ នៃយុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្ដីនៅតុលាការ, តុលាការគ្រប់ជាន់ថ្នាក់ទូទាំងប្រទេស បានចាត់ការសំណុំរឿងបាន ១៨៨ ៩៤២ ស្មើនឹង ៨២,៤១ភាគរយ នៃសំណុំរឿងសរុប ២២៩ ២៧២៕