លោកជំទាវ ឈី វ៉ា ណែនាំឱ្យយកចិត្តទុកដាក់លើការបង្ការ និងឆ្លើយតបចំពោះអំពើហិង្សាក្នុងគ្រួសារ

(ខេត្តកោះកុង)៖ លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានណែនាំដល់គ្រប់ភាគី ត្រូវយកចិត្តទុកដាក់លើការបង្ការ និងឆ្លើយតបចំពោះអំពើហិង្សាក្នុងគ្រួសារ អំពើហិង្សាផ្អែកលើយេនឌ័រ ការកេងប្រវ័ញ្ច និងការរើសអើងគ្រប់ទម្រង់។

ការណែនាំរបស់ លោកជំទាវ ឈី វ៉ា អភិបាលខេត្តកោះកុង បានធ្វើឡើងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៦ ស្តីពី“ការលើកកម្ពស់សមភាពយេនឌ័រ បរិយាប័ន្ន និងសមធម៌សង្គម” ដល់មន្ត្រីបង្គោលយេនឌ័រ តាមមន្ទីរវិស័យ នៅខេត្តកោះកុង នាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦។

លោកជំទាវ អភិបាលខេត្តកោះកុង បន្ដថា ជាពិសេស ត្រូវពង្រឹងការសហការរវាងមន្ទីរជំនាញ អាជ្ញាធរមូលដ្ឋាន និងដៃគូពាក់ព័ន្ធ ដើម្បីផ្តល់ការគាំទ្រ ការប្រឹក្សា និងការបញ្ជូនជនរងគ្រោះទៅទទួលសេវាសមស្រប ប្រកបដោយការគោរពសិទ្ធិ សេចក្តីថ្លៃថ្នូរ និងការរក្សាការសម្ងាត់។

លោកជំទាវ ឈី វ៉ា អភិបាលខេត្តកោះកុង បន្ថែមថា ត្រូវធ្វើការរួមគ្នា ចែករំលែកព័ត៌មាន និងបទពិសោធន៍ល្អៗ ព្រមទាំងប្រើប្រាស់ទិន្នន័យដែលបែងចែកតាមភេទ អាយុ និងស្ថានភាពពាក់ព័ន្ធ ដើម្បីវាយតម្លៃពីប្រសិទ្ធភាពនៃការអនុវត្តការងារ។ ការបូកសរុបលទ្ធផលត្រូវផ្អែកលើសមិទ្ធផលជាក់ស្តែង បញ្ហាប្រឈម និងដំណោះស្រាយ មិនមែនគ្រាន់តែជាការរាយការណ៍សកម្មភាពដែលបានអនុវត្តប៉ុណ្ណោះទេ។

ដើម្បីឱ្យការងារនេះទទួលបានលទ្ធផលជាក់ស្តែង លោកជំទាវអភិបាលខេត្តកោះកុង ក៏បានអំពាវនាវដល់មន្ទីរ អង្គភាព និងមន្ត្រីបង្គោលយេនឌ័រទាំងអស់ បន្តពង្រឹងស្មារតីទទួលខុសត្រូវ សហការគ្នាដោយសកម្ម និងប្រែក្លាយអនុសាសន៍ដែលបានលើកឡើងក្នុងកិច្ចប្រជុំនេះ ឱ្យទៅជាផែនការសកម្មភាពជាក់លាក់ ដែលមានគោលដៅ កាលកំណត់ និងអ្នកទទួលខុសត្រូវច្បាស់លាស់។

ជាមួយគ្នានេះ លោកជំទាវ ឈី វ៉ា អភិបាលខេត្តកោះកុង បានលើកទឹកចិត្តឱ្យមន្ត្រីបង្គោលយេនឌ័រទាំងអស់ បន្តពង្រឹងសមត្ថភាពវិជ្ជាជីវៈ ស្វែងយល់ពីគោលនយោបាយ និងបទដ្ឋានពាក់ព័ន្ធ ព្រមទាំងមានភាពក្លាហានក្នុងការលើកឡើងពីបញ្ហា និងស្នើដំណោះស្រាយសមស្រប ដើម្បីធានាថា ការលើកកម្ពស់សមភាពយេនឌ័រ មិនស្ថិតត្រឹមតែជាគោលការណ៍នៅលើឯកសារនោះទេ ប៉ុន្តែត្រូវក្លាយជាការអនុវត្តជាក់ស្តែងនៅក្នុងស្ថាប័ន និងសហគមន៍៕

ប្រភព៖ រដ្ឋបាលខេត្តកោះកុង